ផ្ទាំងថ្មដ៏ធំស្មានមិនដល់ ទំហំរហូតទៅដល់៨ហិកតា បានបង្កើតឲ្យក្លាយជាភ្នំថ្មមួយ ដ៏ស្រស់ស្អាតបំផុតនៅកណ្ដាលព្រៃស្រោងរាប់ម៉ឺនហិកតា ក្នុងខេត្តមណ្ឌលគីរី ផ្ទាំងថ្មនោះ គឺមានឈ្មោះថា ភ្នំណាមលៀ ជាតំបន់ដ៏ប្រណិតនៅក្នុងសហគមន៍ទេសចរណ៍តំបន់ធម្មជាតិភូមិទី១។ នេះបើតាមការឲ្យដឹងពីលោកពូ តយ ផ្លាន ជាជនជាតិភាគតិចព្នងរស់នៅទីនោះផ្ទាល់ និងជាអ្នកលក់សំបុត្រនៅភ្នំណាមលៀ។
ភ្នំណាមលៀ មានទីតាំងស្ថិតនៅក្នុងភូមិទី១ ឃុំប៊ូស្រា ស្រុកពេជ្រដា ខេត្តមណ្ឌលគីរី មានចម្ងាយប្រមាណជិត ៥០គីឡូម៉ែត្រពីរួមខេត្ត។ ដើម្បីទៅដល់ទីតាំងដ៏អស្ចារ្យគ្មានពីរនៅកម្ពុជានេះ ភ្ញៀវទេសចរណ៍ត្រូវធ្វើដំណើរតាមផ្លូវទៅទឹកជ្រោះប៊ូស្រា លុះដល់ត្រង់ស្លាកសញ្ញាតំបន់ទេសចរណ៍ទឹកជ្រោះប៊ូស្រា ភ្ញៀវទេសចរណ៍នឹងឃើញផ្លូវបំបែកជា២ បន្ទាប់មកត្រូវជិះទៅតាមផ្លូវនៅខាងស្ដាំដៃ ដើម្បីបន្តដំណើរទៅស្វែងរកភ្នំណាមលៀ។
ភ្ញៀវទេសចរណ៍ត្រូវធ្វើដំណើរតាមផ្លូវកៅស៊ូ ដែលជាផ្លូវឆ្ពោះទៅព្រំដែនវៀតណាម ជិះប្រមាណជាង១០នាទីនឹងឃើញទីប្រជុំមួយ បន្ទាប់មកមានផ្លូវលំនៅខាងស្ដាំដៃ ដែលជាផ្លូវនាំឲ្យទៅដល់ភ្នំណាមលៀ។ ធ្វើដំណើរបន្តទៅមុខត្រង់ទៀត អ្នកដំណើរត្រូវជិះកាត់ចម្ការកៅស៊ូរាប់ម៉ឺនហិកតា បន្ទាប់មកត្រូវធ្វើដំណើរតាមផ្លូវទើបតែឈូសឆាយថ្មីៗ កាត់ព្រៃព្រឹក្សាដ៏ខៀវស្រងាត់ មានដើមឈើធំៗ នៅអមសងខាងផ្លូវ និងលាតសន្ធឹងដាច់កន្ទុយភ្នែក។
ឆ្លងកាត់ផ្លូវឡើងចុះចំណោតខ្ពស់ៗ កាត់ព្រៃ កាត់ភ្នំ ជាច្រើនគីឡូម៉ែត្រ ភ្ញៀវទេសចរណ៍ នឹងឃើញស្លាកដាក់ថាភ្នំណាមលៀ និងសញ្ញាបំព្រួញនាំភ្ញៀវទៅកាន់ ផ្ទាំងថ្មមួយដ៏ធំបំផុត។
ដោយសារស្ថានផ្លូវមានលក្ខណៈឡើងចុះខ្លាំង វាអាចជាឧបសគ្គសម្រាប់អ្នកជិះរថយន្ត តែចំពោះម៉ូតូមិនចោទជាបញ្ហាខ្លាំងឡើយ តែទាមទារជិះដោយប្រុងប្រយ័ត្នខ្ពស់។ ចំណែកឯកាឡើងភ្នំ ដែលមានតែផ្ទាំងថ្មសុទ្ធ គ្មានដើមឈើមួយដើមសម្រាប់តោង អ្នកឡើងភ្នំត្រូវប្រុងប្រយ័ត្នខ្លាំង និងផ្ចង់ស្មារតី រហូតដល់កំពូលភ្នំ។ ជាការល្អបំផុត ត្រូវពាក់ស្បែកជើងប៉ាត់តា ទើបអាចឡើងដោយងាយស្រួល។ ក្រៅពីនោះ គួរត្រៀមទឹក និងភេសជ្ជៈផ្សេងៗ ជំនួយដល់ថាមពលរាងកាយ ឲ្យឡើងទៅដល់ដោយស្រស់ស្រាយ។
ថ្វីត្បិតតែជាភ្នំថ្ម គ្មានដើមឈើ តែនៅនោះពិតជាត្រជាក់ខ្លាំង មិនក្ដៅឡើយ អ្វីដែលអស្ចារ្យបំផុតនោះ យើងអាចឈរពីលើកំពូលភ្នំថ្មនេះ មើលទៅព្រៃព្រឹក្សា ដែលនៅហ៊ុមព័ន្ធជុំវិញដាច់កន្ទុយភ្នែក។
លោកពូ តយ ផ្លាន ក៏បានឲ្យដឹងដែរថា ភ្ញៀវដែលទៅកម្សាន្តនៅភ្នំណាមលៀ ត្រូវបង់២០០០រៀលសម្រាប់ម៉ូតូមួយ និង៥០០០រៀលសម្រាប់រថយន្ត។ ប្រាក់ចំណូលបានពីការលក់សំបុត្រនេះ គឺសម្រាប់យកទៅអភិវឌ្ឍន៍ក្នុងសហគមន៍ទាំងមូល៕

0 coment�rios: